ស្នេហ៍មិន​ឈ្នះស្និទ្ធ ឬ​ស្និទ្ធ​មិន​អាច​ឈ្នះ​ការ​ដាក់​ស្នេហ៍

ពាក្យ​មួយ​ឃ្លា​និយាយ​ថា «ចេះ​មិន​បាច់​រៀន» ចាស់​លោក​សំដៅ​យក​ចេះ​និយាយ ចេះ​យំ ចេះ​សើច ចេះញ៉ាំ និង​ចេះ​ស្រឡាញ់ ប៉ុន្តែ​មនុស្ស​លោក​យើង​នេះ​តែង​តែ​បន្ថែម​នូវ​ការ​ចេះ​ដោយ​មិន​បាច់​រៀន​ នេះ​ថែម​ទៀត​ផង នោះគឺ​ការ​ចេះ​ច្រណែន ចេះ​ហួងហែង ចេះ​ប្រចណ្ឌ ចេះ​ឈ្នានីស ចេះ​ស្អប់​គ្នា និង​ចេះ​រក​វិធី​សាស្ត្រ​ដណ្ដើម​សូម្បី​តែ​របស់​នោះ​ពុំ​មែន​ជា​របស់​ខ្លួន។


ចាស់ៗ​តែង​និយាយ​ថា មនុស្ស​ឱ្យ​តែ​មាន​ស្នេហា និង​ក្ដី​ស្រឡាញ់​នោះ​ជ្រាល​ជ្រៅ​ហើយ គឺ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​អ្វី អ្នក​ណា​និយាយ​អ្វី​ក៏​ស្ដាប់​មិន​ចូល មើល​ឃើញ​តែ​រឿង​ម្យ៉ាង​គត់​គឺ​ស្រឡាញ់​ម្នាក់​នោះ។
 
អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ឮ បាន​ដឹង​ខ្លះៗ​មក​ហើយ ឬ​សូម្បី​ក្នុង​ខ្សែ​ភាព​យន្ត​ក៏​មាន សំដែង​អំពី​ការ​ចង់បាន​ហួស​ដែន​កំណត់​រហូត​ដល់​មាន​រក​គ្រូ ដើម្បី​ដាក់​នូវ​មន្តស្នេហ៍​លើ​រូប​មនុស្ស​ម្នាក់​ដែល​គេ​ស្រឡាញ់​លង់​ ខ្លាំង។ ប្រសិន​បើ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​នោះ​នៅ​ទំនេរ​ខ្លួន​១ មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​ណា​ផ្សេង នោះ​ពុំ​សូវ​ជា​អ្វី​នោះ​ឡើយ ប៉ុន្តែ​បើ​អ្នក​នោះ​មាន​គូ​កំណាន់ ឬ​ត្រូវ​ជា​មនុស្ស​របស់​គេ​ផ្សេង​រួច​មក​ហើយ អ្នក​ដែល​មាន​បំណង​នឹង​ដាក់​ស្នេហ៍​ចំពោះ​គេ​នោះ​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ ខុស​ឆ្គង​យ៉ាង​ធ្ងន់ធ្ងរ​តែ​ម្ដង។ ដូច​ពាក្យ​ចាស់​មិន​ខុស​មែន តែ​មាន​ស្នេហា​ហើយ​គឺ​ខ្វាក់​ហើយ មិន​ត្រឹម​តែ​ខ្វាក់​ភ្នែក​នោះ​ឡើយ វា​ខ្វាក់​ទាំង​សតិ​សម្បជញ្ញៈ លែង​ដឹង​ថា​អ្វី​ខុស ឬ​អ្វី​ត្រូវ​ហើយ ដឹង​តែ​ម្យ៉ាង​គត់​គឺ​យក​ឲ្យ​បាន។

តើ​អ្វី​ទៅ​ជា​អំពើ​ស្នេហ៍?
អំពើ​ជា​ជំនឿ​អរូបី ឬ​មន្តអាគម​សម្រាប់​ដាក់​ឲ្យ​អ្នក​ណា​ម្នាក់ ឬ​ក្រុម​មនុស្ស​ទាំង​ឡាយ​ណា ដែល​គេ​ចង់​ឱ្យ​បាន​មក​ជា​អ្នក​ត្រូវ​ចិត្ត។

តើ​អំពើ​ស្នេហ៍​មាន​អ្វី​ខ្លះ?
១) ស្នេហ៍ហ្វូង គឺ​ជា​ស្នេហ៍​មួយ​ប្រភេទ ដែល​គេ​និយម​ប្រើប្រាស់​ជាង​គេ ព្រោះ​វា​ងាយ​ស្រួល និង​ត្រូវ​នឹង​តម្រូវ​ការ​យ៉ាង​ច្រើន ជា​ពិសេស​ជា​មួយ​នឹង​ការ​រកស៊ី ចរចារ លក់ដូរ​ឆាប់​ដាច់។ ស្នេហ៍​ធ្វើ​ឲ្យ​អ្នក​ទាំងឡាយ​មើល​មក​ឃើញ​យើង​គួរ​ឱ្យ​ស្រឡាញ់​ចូល​ចិត្ត ពេញ​ចិត្ត​នឹង​អ្វី​ដែល​អ្នក​បាន​និយាយ​ស្ដី កាយវិការ​របស់​អ្នក​ត្រូវ​បាន​អ្នក​ទាំង​នោះ​មើល​ទៅ​ចូល​ភ្នែក មិន​ទើស​មិន​ទាស់ ឬធុញ​ទ្រាន់​ឡើយ។

២) ស្នេហ៍បន្ទន់ចិត្ត ស្នេហ៍​ប្រភេទ​នេះ ហាក់​ស្រដៀង​គ្នា​ទៅ​នឹង​ស្នេហ៍​ហ្វូង​ដែរ តែ​ខុស​គ្នា​ត្រង់​បន្ទន់​ចិត្ត​នេះ​គេ​ធ្វើ​ឡើង​ឱ្យ​ចំៗ​មនុស្ស​ណា​ដែល​មាន ​ទំនាក់​ទំនង​គ្នា​រាល់​ថ្ងៃ ឬ​ថា​អ្នក​នៅ​ជុំ​វិញ​ខ្លួន​តែ​ម្ដង។ ស្នេហ៍​បន្ទន់​ចិត្ត គឺ​គ្រាន់​តែ​ធ្វើ​ឱ្យ​គេ​ចូល​ចិត្ត​ប៉ុណ្ណោះ ពុំ​មែន​ជា​ការ​ធ្វើ​ឱ្យ​ស្រឡាញ់​ស្និទ្ធស្នាល​នោះ​ឡើយ។

៣) ស្នេហ៍ប្ដីប្រពន្ធ ជា​ប្រភេទ​ស្នេហ៍​ដែល​ធ្ងន់​ជាង​គេ។ ប្ដីប្រពន្ធ​បែក​បាក់​គ្នា គូស្នេហ៍​បែក​បាក់​គ្នា ប្ដី​ក្បត់​ចិត្ត​ទៅ​មាន​ប្រពន្ធ​ថ្មី​ទៀត ហើយ​ម្ខាង​ណា​ចង់​ឱ្យ​ក្ដី​ស្រឡាញ់​បាន​មក​វិញ ហើយ​មិន​បែក​បាក់​ទៅ​ណា នោះ​គេ​តែង​ប្រើប្រាស់​នូវ​អំពើ​ស្នេហ៍​ប្រភេទ​មួយ​នេះ។ ស្នេហ៍​ប្រភេទ​នេះ ធ្វើ​ឱ្យ​មនុស្ស​ងប់​ងងល់ ឈ្លក់​វង្វេង​លើ​រូប​គេ​តែ​ម្នាក់​ប៉ុណ្ណោះ មើល​អ្នក​ផ្សេង​មិន​ឃើញ ឃើញ​ល្អ​តែ​មួយ មិន​ចង់​ទៅ​ណា​ឆ្ងាយ ចង់​តែ​នៅ​នែបនិត្យ​ជិត​កាយ បាយ​ក៏​មិន​នឹក ទឹក​ក៏​មិន​ស្រេក ថ្ងៃរាប​លិច​តែ​បន្តិច​មិន​បាន​យំ​នឹក​គេ​ភ្លាម សូម្បី​តែ​គេង​ក៏​យល់​សុបិន​ឃើញ​រូប​គេ​ដែរ។ ស្នេហ៍​បែប​នេះ​មិន​អាច​បាត់​មុខ​បាន​នោះ​ឡើយ។

តើ​គេអាច​ដាក់​អំពើ​ស្នេហ៍​តាម​វិធីណាខ្លះ?
ទៅ​តាម​ចំណេះ​ដឹង ជំនាញ និង​បទ​ពិសោធន៍​របស់​គ្រូ​នីមួយៗ គ្រូ​ខ្លះ​គ្រាន់​តែ​ឈ្មោះ​ក៏​អាច​ធ្វើ​បាន ឬ​ខ្លះ​ទៀត​គ្រាន់​តែ​យក​រូប​ថត​មក​សោះ ក៏​សឹង​អាច​ទាញ​បាន ១០០% ភ្លាម​តែ​ម្ដង។ សំខាន់​អ្នក​ដែល​ចង់​សាកល្បង ឬ​ធ្វើ​នូវ​រឿង​នេះ​ស្គាល់​គ្រូ​ប្រភេទ​ណា ហើយ​គ្រូ​នោះ​ពូកែ​ខ្លាំង​ប៉ុណ្ណា។

គេ​អាច​ដាក់​អំពើ​ស្នេហ៍​ទៅតាម ខ្សែចង្កេះ ក្រែមម្សៅទឹកអប់ ឬ​ក្រមួនលាប ទឹកហូប ឬម្ហូបអាហារ ប្រើរូបថត
គូ​កាត់​ឈ្មោះ ថ្ងៃខែឆ្នាំកំណើត សូនរូបក្រមួន យន្តក្រោមខ្នើយ ឬកន្លែងគេង និង​អាច​ធ្វើ​តាម​រយៈ​កថា​យន្ត​នានា​បាន​ថែម​ទៀត​ផង។

សរុប​មក​វិញ​ការ​ដាក់​នូវ​មន្ត​ស្នេហ៍​នេះ​ពុំ​មែន​ជា​ការ​ខុស​ឆ្គង​អ្វី​ នោះ​ឡើយ ប្រសិន​បើ​អ្នក​គ្រាន់​តែ​ចង់​ឱ្យ​មាន​អ្នក​ស្រឡាញ់ ប៉ុន្តែ​បើ​អ្នក​ដាក់​ឱ្យ​មនុស្ស​ដែល​មាន​គូ​រួច​ហើយ​គឺ​ជា​រឿង​ខុស​ឆ្គង​ បំផុត ជៀស​វាង​ឱ្យ​បាន។ ត្រូវ​ចាំ​ថា​ការ​ឱ្យ​អ្នក​ណា​ម្នាក់​ស្រឡាញ់​មក​លើ​រូប​អ្នក មិន​ត្រូវ​បំបែក​ពី​អ្នក​ដទៃ​នោះ​ឡើយ។

ក្ដី​ស្រឡាញ់​ពិត​ប្រាកដ​គឺ​ជា​ការ​លះបង់ និង​ស្មោះស្ម័គ្រ​មិន​គេច​កែ។


source: mungkulkar.com



EmoticonEmoticon