ខឹង​ប្តី​ចោទ​ថា​ខ្លួន​លួច​មាន់​គេ យប់​ស្ងាត់​កាប់​ប្រហារ​ប្តី​ស្លាប់

loading...

ខេត្តកំពង់ចាម ៖ ដោយ​ហេតុតែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ខឹងសម្បារ​នឹង​ប្តី​របស់​ខ្លួន ដែល​បាន​ហែកកេរ្តិ៍​ចោទ​រឿង​លួច​មាន់​របស់​អ្នកស្រុក​នោះ លុះដល់​ពេល​យប់​ស្ងាត់​កូន​ៗ​ដេក​លង់លក់​អស់ ក៏​បាន​លួច​កាប់​ប្រហារ​លើ​ប្តី​ត្រូវ​ចំ​គុម្ពត្រចៀក​១​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​បឹង ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ លុះ​ព្រឹក​ឡើង​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ ក៏​ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ។
លោក​អនុសេនីយ៍ឯក ទុ​យ សា​វុ​ធ  អធិការរង​នគរបាល​ស្រុក​ស្រី​សន្ធរ ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា បុរស​ជា​ប្តី​ឈ្មោះ យី យិ​ត អាយុ​៥៦​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ស្រឿង​ៗ​នោះ ក៏​បាន​ស្រែក​ប្រាប់​ទៅ​ដល់​អ្នក​ជិតខាង​ថា មាន​បងប្អូន​ណា​បាត់​មាន់​ទេ​ឲ្យ​មក​មើល  នៅ​នឹង​បន្ទប់​ផ្ទះ​របស់​គាត់ ព្រោះតែ​ប្រពន្ធ​ជា​អ្នក​លួច​មាន់  តែ​មិន​មាន​អ្នក​ណា​មក​មើល​នោះ​ទេ ។ លោក​អនុសេនីយ៍ឯក ទុ​យ សា​វុ​ធ  ប្រាប់​បន្ត​ថា​ទាំង​ប្តី និង​ប្រពន្ធ​បាន​ផឹក​ស្រវឹង​ដូច​គ្នា លុះដល់​ពេល​យប់​ឡើង​ប្តី​កំពុង​តែ​ដេក​នៅ​លើ​ផ្ទះ​ជាមួយនឹង​កូន​ៗ៦​នាក់ ដោយ​ប្រពន្ធ​ឈ្មោះ អ៊ុ​ក វ៉ា អាយុ​៥៣​ឆ្នាំ បាន​ខឹងសម្បារ​ចំពោះ​ប្តី​កាលពី​ព្រឹក​នោះ ក៏​ដើរទៅ​ទាញ​យក​កាំបិត​ផ្គាក់ មក​កាប់​ប្រហារ​លើ​ប្តី​ចំ​ត្រង់​គុម្ពត្រចៀក​ឆ្វេង​១​កាំបិត​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។
ស្រី្ត​ជា​ប្រពន្ធ​មិន​បាន​រត់គេច​ខ្លួន​ចេញ​ទៅ​ណា​នោះ​ទេ នឹក​ស្មាន​តែ​សមត្ថកិច្ច​មិនដឹង​សោះ  លុះ​ពេល​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម្នា​មក​មើល​ច្រើន ក៏​ដឹង​ឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស​ក៏​បាន​ហៅ​ប្រពន្ធ​មក​សួរនាំ  នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ព្រម​ទាំ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គាត់​ពិតជា​បាន​កាប់​ប្រហារ​ប្តី​១​កាំបិត បណ្ដាល​ឲ្យ​ស្លាប់​មែន មូលហេតុ​ដោយសារ​តែ​ខឹង​ប្តី​ស្រែក​មក​លើ​គាត់​ថា​លួច​មាន់​អ្នកស្រុក​នោះ ។
លោក​អនុសេនីយ៍ឯក ទុ​យ សា​វុ​ធ  អធិការរង​នគរបាល​ស្រុក​ស្រី​សន្ធរ បញ្ជាក់​ថា បុរស​ជា​ប្តី​ដែល​ស្លាប់​ដោយសារ​ផ្លែកាំបិត​របស់​ប្រពន្ធ​នោះ មានមុខ​រប​ជា​កសិករ ចំពោះ​ករណី​ឃាតកម្ម​ខាងលើ​នោះ​មិន​មានការ​ការ​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​ពី​នេះ​ឡើយ ។ នា​រសៀល​ថ្ងៃ​ទី​២០​មិថុនា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
loading...

loading...

source: https://kohsantepheapdaily.com.kh/article/146505.html



EmoticonEmoticon