loading...

សៀមរាប៖ ទីបំផុតទៅ តុលាការសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១០ វិច្ឆិកាម្សិលមិញ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៥នាក់ ដែលជាបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ករណីកាប់រំលំដើមគ្រញូងមួយដើមក្នុងឧទ្យានអង្គរនោះហើយ។
លោក ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ចេវ ផល លោក ទូច តេត្រា លោក ឡី ជាតិ និងលោក ខាន់ ង៉ិក ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ។ មនុស្សទាំង៥នាក់នេះ រងបទចោទពាក់ព័ន្ធករណីកាប់ដើមឈើកម្រ យោងតាមមាត្រាទី៩៨ នៃច្បាប់ព្រៃឈើ។
loading...
ជនសង្ស័យទាំង៥នាក់ ដែលជាបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងករណីកាប់រំលំដើមគ្រញូងចំណាស់មួយដើម ត្រូវបាននាំខ្លួនទៅសួរចម្លើយនៅតុលាការខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា។ យោងតាមការចម្លើយសារភាព ពួកគេពិតជាពាក់ព័ន្ធនឹងករណីកាប់ដើមគ្រញូងពិតប្រាកដមែន ដោយមានលោក ឈរ ថាណាត ជាអ្នកបញ្ជាពីលើ។
គួររម្លឹកថា ដើមគ្រញូងមួយដើម មានមុខកាត់ ៨៥សង់ទីម៉ែត្រ បណ្តោយ១៥ម៉ែត្រ ត្រូវបានក្រុមបុគ្គលិកព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា ចូលទៅកាប់កាលពីព្រឹកថ្ងៃទី៦ វិច្ឆិកាកន្លងទៅ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋរស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ដើមគ្រញូងនោះគឺជាទីសក្ការបូជាដ៏ស័ក្តសិទ្ធរបស់អ្នកភូមិផងដែរ ហើយពួកគេតែងរៀបចំពិធីផ្សេងៗនៅទីនោះ ជាពិសេសពេលមានបុណ្យឡើងអ្នកតាម្តងៗ។
ករណីនេះដែរ អាជ្ញាធរជាតិអប្សរាឆ្លើយថា ខ្លួនគ្រាន់តែចង់បញ្ចៀសគ្រោះថ្នាក់ ដែលអាចបណ្តាលឲ្យដួលរំលំបាក់សង្កត់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរតែប៉ុណ្ណោះ ព្រោះថាដើមគ្រញូងនោះ ត្រូវបានក្រុមជនមិនស្គាល់មុខលួចកាប់មុន ជិតដួលទៅហើយ។ យ៉ាងណា លោក ឈរ ថាណាត បានសរសេរលិខិតសុំទោស និងព្រមទទួលរាល់កំហុសរបស់លោក ដោយសារលោកសម្រេចចិត្តកាប់ផ្តួលដើមគ្រញូង ដោយមិនបានសុំគោលការណ៍ពីអគ្គនាយកអាជ្ញាធរជាតិអប្សរា៕
loading...
source: ThmeyThmey
EmoticonEmoticon