តារាចម្រៀង​5​នាក់​ទទួល​គ្រឿង​ឥស្សរិយយស​ពី​រាជរដ្ឋាភិបាល

loading...

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​៥​នាក់​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល​បន្ទាប់​ពី​ពួក​គេ​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ចូលរួម​លើក​កម្ពស់​​សកម្មភាព​មនុស្សធម៌​នៅ​ក្នុង​សង្គម ពិសេស​ជុំវិញ​ការ​ជំរុញ​និង​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​យល់​ពី​បញ្ហា​អំពើ​ពុក​រលួយ​។ កម្មវិធី​ប្រគល់​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​ទិវា​បុណ្យ​ជាតិ​៧​មក​រា និង​«​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​»​ដែល​រៀបចំ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

តារាចម្រៀង​ដែល​ទទួល​បាន​មេដាយ និង​ប័ណ្ណសរសើរ​ទាំង​៥​នាក់​នោះ​មាន​អ្នក​នាង មាស សុខ​សោភា​;​កញ្ញា​សុគន្ធ និសា ;​កញ្ញា​ញឹ​ម ចាន់​ថន​;​លោក​ឆ​ន សុវណ្ណ​រាជ និង​លោក​ខាត់ ជេ​ម ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ទេស​រដ្ឋមន្ត្រី​ឱម យិ​ន​ទៀង​មាន​ប្រសាសន៍​ថា សិល្បករ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​កម្លាំង​ស្មារតី បម្រើ​អារម្មណ៍​មនោសញ្ចេតនា​ចាប់តាំងពី​កម្ពុជា​បញ្ចប់សង្គ្រាម ភ្លាម​ៗ​មក​ម្ល៉េះ ។ ការ​ចូលរួម​ចំណែក​ពី​សិល្បករ​បង្កើត​ឲ្យ​មាន​បរិយាកាស​សប្បាយ​រីករាយ និង​បំពេ​មនុស្ស​ឲ្យ​សុខសាន្ត​បាន ។ គ្មាន​សិល្បករ​គឺ​គ្មាន​មនោសញ្ចេតនា គ្មាន​ព្រលឹង ហើយ​រដ្ឋាភិបាល​ពិតជា​ត្រូវការ​សិល្បករ​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម ។

កញ្ញា​ញឹ​ម ចាន់​ថន ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​សកម្មភាព​សិល្បៈ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រយៈពេល​៤​ឆ្នាំ​មក​ហើយ​នោះ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​បន្តបន្ទាប់​គ្នា ។ ឆ្នាំ​នេះ​នាង​ទទួល​បាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភណ្ឌ​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ក្នុង​ឱកាស​នោះ កញ្ញា ញឹ​ម ចាន់​ថន រំភើប រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​ចំពោះ​ការ​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល ។ កន្លង​មក​កញ្ញា​ចាន់​ថន ធ្លាប់​បាន​ចូលរួម​សកម្មភាព​នានា ពិសេស​ទាក់ទិន​នឹង​ការ​ដឹកនាំ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នានា ។

កញ្ញា​ញឹ​ម ចាន់​ថន និយាយ​ថា​«​វា​គឺជា​អ្វី​ដែល​ចេញពី​ទឹកចិត្ត​ចូលរួម​ដល់​កិច្ចការ​សង្គម​ដោយ​មិន​គិត​ពី​ការ​នឿយហត់ ហើយ​នាង​ខ្ញុំ​ពិតជា​ចង់​ឲ្យ​សិល្បករ​ល្បីឈ្មោះ​កាន់តែ​ច្រើន​ចូលរួម​កម្មវិធី​នេះ​ដើម្បី​ប្រយោជន៍​ជាតិ​» ។

សិល្បករ​ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល នា​ឱកាស​នោះ​ត្រូវ​បាន​បំពាក់​និង​ប្រគល់​ជូន​ដោយ​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ៕
loading...







loading...

ដោយ៖ kohsantepheapdaily.com.kh



EmoticonEmoticon