តុលាការ​សម្រេច​ឃុំខ្លួន​បុគ្គលិក​អាជ្ញាធរ​អប្សរា​៥​នាក់​ករណី​កាប់​ដើម​គ្រញូង​

loading...

 
សៀមរាប​៖ ទីបំផុត​ទៅ តុលាការ​សាលាដំបូង​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី​១០ វិច្ឆិកា​ម្សិលមិញ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ដែលជា​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ករណី​កាប់រំលំ​ដើម​គ្រញូង​មួយ​ដើម​ក្នុង​ឧទ្យាន​អង្គរ​នោះ​ហើយ​។
លោក ឈរ ថា​ណាត អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ចេ​វ ផល លោក ទូច តេ​ត្រា លោក ឡី ជាតិ និង​លោក ខាន់ ង៉ិ​ក ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​។ មនុស្ស​ទាំង​៥​នាក់​នេះ រង​បទ​ចោទ​ពាក់ព័ន្ធ​ករណី​កាប់​ដើមឈើ​កម្រ យោងតាម​មាត្រា​ទី​៩៨ នៃ​ច្បាប់​ព្រៃឈើ​។
loading...


​ជនសង្ស័យ​ទាំង​៥​នាក់ ដែលជា​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ពាក់ព័ន្ធ​នឹង​ករណី​កាប់រំលំ​ដើម​គ្រញូង​ចំណាស់​មួយ​ដើម ត្រូវបាន​នាំខ្លួន​ទៅ​សួរចម្លើយ​នៅ​តុលាការ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា​។ យោងតាម​ការ​ចម្លើយសារភាព ពួកគេ​ពិតជា​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ដើម​គ្រញូង​ពិតប្រាកដ​មែន ដោយមាន​លោក ឈរ ថា​ណាត ជា​អ្នកបញ្ជា​ពីលើ​។​

​គួររម្លឹកថា ដើម​គ្រញូង​មួយ​ដើម មានមុខ​កាត់ ៨៥​សង់ទីម៉ែត្រ បណ្តោយ​១៥​ម៉ែត្រ ត្រូវបាន​ក្រុម​បុគ្គលិក​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចូលទៅ​កាប់​កាលពី​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា​កន្លងទៅ ដោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ដើម​គ្រញូង​នោះ​គឺ​ជាទី​សក្ការបូជា​ដ៏​ស័​ក្ត​សិទ្ធ​របស់​អ្នកភូមិ​ផងដែរ ហើយ​ពួកគេ​តែង​រៀបចំ​ពិធី​ផ្សេងៗ​នៅ​ទីនោះ ជាពិសេស​ពេល​មានបុណ្យ​ឡើងអ្នកតា​ម្តងៗ​។

​ករណី​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​ឆ្លើយថា ខ្លួន​គ្រាន់តែ​ចង់​បញ្ចៀស​គ្រោះថ្នាក់ ដែល​អាច​បណ្តាល​ឲ្យ​ដួល​រំលំ​បាក់​សង្កត់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​តែប៉ុណ្ណោះ ព្រោះថា​ដើម​គ្រញូង​នោះ ត្រូវបាន​ក្រុម​ជន​មិន​ស្គាល់មុខ​លួច​កាប់​មុន ជិត​ដួល​ទៅហើយ​។ យ៉ាងណា លោក ឈរ ថា​ណាត បាន​សរសេរ​លិខិត​សុំទោស និង​ព្រម​ទទួល​រាល់​កំហុស​របស់លោក ដោយសារ​លោក​សម្រេចចិត្ត​កាប់​ផ្តួល​ដើម​គ្រញូង ដោយ​មិនបាន​សុំ​គោលការណ៍​ពី​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​៕
loading...

source: ThmeyThmey


EmoticonEmoticon