loading...
ខេត្តបាត់ដំបង ៖ ក្រុមក្មេងស្ទាវមានប្រុស មានស្រី ជាង៤០នាក់ ដែលវង្វេងផ្ទះសម្បែងទៅសម្ងំឱបរឹតគ្នាយ៉ាងស្អិតរមួតនៅតាមសួនច្បារសាធារណៈ ត្រូវកម្លាំងនគរបាលផ្នែកបង្ការ-បង្ក្រាប នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ប្រមូលយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងកណ្ដាលអធ្រាត្រ ដើម្បីសួរនាំ និងធ្វើការអប់រំ ។លោក ឈឿង គឺមសុង ប្រធានក្រុមបង្ការ-បង្ក្រាប បានប្រាប់ថា ក្រុមស្ទាវទាំងនោះត្រូវកម្លាំងរបស់លោកដើរប្រមូលបានពីតាមសួនច្បារនានានៅក្នុងក្រុងបាត់ដំបង ខណៈដែលពួកគេមួយចំនួនកំពុងសម្ងំប្រព្រិត្តអំពើអានាចារបង្កភាពអាវ៉ាសែយ៉ាងអាក្រក់បំផុតនៅតាមទីសាធារណៈ ។ លោកថា កម្លាំងរបស់លោកបានធ្វើការងារនេះ ចាប់តាំងពីម៉ោង១១យប់រហូតដល់ម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ឧសភា ទើបប្រមូលក្រុមវង្វេងផ្ទះនេះអស់ពីតាមសួន ។
លោក គឹមសុង បញ្ជាក់ថា សកម្មភាពក្រុមក្មេងស្ទាវទាំងប្រុសទាំងស្រីនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់សាធារណៈ ដល់សន្តិសុខសង្គម និងប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីខ្មែរ ទើបលោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងរបស់លោកចាត់វិធានការតែម្ដងទៅ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍ថា ក្នុងចំណោមក្រុមក្មេងទំនើងវង្វេងផ្ទះទាំងជាង៤០នាក់នោះ គឺមានស្រី៨នាក់ និងបុរសភេទទី៣មាន៤នាក់ ។ លោកថា មន្ត្រីជំនាញបានធ្វើតេស្ដទឹកនោមហើយក្នុងចំណោមនេះមានមួយចំនួនត្រូវគេរកឃើញថាមានសារធាតុញៀនផង ប៉ុន្តែតាមគោលការណ៍របស់លោកស្នងការនគរបាលខេត្ត យើងបានអញ្ជើញអាណាព្យាបាលពួកគេឲ្យមកកាន់ស្នងការដើម្បីឲ្យពួកគាត់បានឃើញ និងបានដឹងអំពីសកម្មភាពកូនៗរបស់ពួកគាត់ ដែលដើរលេងកណ្ដាលយប់មិនព្រមចូលផ្ទះ ។ លោកស្នងការរងបានបញ្ជាក់ថា ក្រោយពីបានពន្យល់ហេតុផលដល់អាណាព្យាបាល និងបានធ្វើការអប់រំដល់កក្រុមយុវជនទាំងនេះ យើងក៏បានស្នើរឲ្យអាណាព្យាបាលពួកគេជួយធ្វើការអប់រំដល់កូនចៅរបស់ខ្លួន និងធ្វើកិច្ចសន្យាធានាពួកគេត្រឡប់ទៅផ្ទះវិញដែរ ៕


loading...


loading...
credit: kohsantepheapdaily
EmoticonEmoticon